អន្តរជាតិ

នឹក​ស្មាន​មិន​ដល់​! មហាសេដ្ឋី Bill Gates និង​ភរិយា លែងលះ​គ្នា​ហើយ ក្រោយ​រួមរស់​ជិត​៣០​ឆ្នាំ

សហរដ្ឋអាមេរិក ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ក្រោយ​ពេល​មហាសេដ្ឋី​ពិភពលោក Bill Gates និង​ភរិយា​របស់​គាត់​គឺ​លោកស្រី Melinda Gates បាន​ប្រកាស​លែងលះ​គ្នា បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ២៧​ឆ្នាំ​។

អ្នក​ទាំង​ពីរ​បាន​សរសេរ​លើ​ប្រព័ន្ធ Twitter ដោយ​បញ្ជាក់​ពី​ហេតុផល​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​បែប​នេះ​ថា «​យើង​លែង​មាន​ជំនឿ​ថា ពួក​យើង​អាច​រួមរស់​ជាមួយ​គ្នា ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ទៀត​ហើយ​។ បន្ទាប់​ពី​ការ​គិត​ជា​ច្រើន និង​ការងារ​ជា​ច្រើន​លើ​ទំនាក់ទំនង​របស់​យើង​។ យើង​បាន​សំរេចចិត្ត​បញ្ចប់​អាពាហ៍ពិពាហ៍​មួយ​នេះ​»​។

សូម​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​លើក​ដំបូង​នៅ​អំឡុង​ទស​វត្ស​ឆ្នាំ១៩៨០ នៅ​ពេល​ដែល Melinda បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Microsoft របស់ Bill​។ ប្តី​ប្រពន្ធ​មហាសេដ្ឋី​មួយគូ​នេះ បន្សល់​ទុក​ចំណងដៃ​កូនប្រុស​-​ស្រី​ចំនួន ៣​នាក់​។

ពួក​គាត់​បាន​បង្កើត និង​គ្រប់គ្រង​រួម​គ្នា​លើ​មូលនិធិ Bill & Melinda Gates​។ ដោយ​មូលនិធិ​នេះ បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បុព្វហេតុ​ដូច​ជា ជំងឺឆ្លង និង​ការ​លើកទឹកចិត្ត​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​។

យោង​តាម​ទស្សនាវដ្តី Forbes បានឱ្យ​ដឹង​ថា លោក Bill Gates គឺជា​មហាសេដ្ឋី​មាន​បំផុត​លំដាប់​ទី ៤ ពិភពលោក​ជាមួយ​ប្រាក់​សរុប​ចំនួន ១២៤​ពាន់​លាន​ដុល្លារ​។ ប្រាក់​ចំណូល​របស់​គាត់​បាន​មក​តាម​រយៈ​ក្រុមហ៊ុន Microsoft ដែល​គាត់​រួម​នឹង​លោក Paul Allen បាន​បង្កើត​ឡើង​នៅ​ទស​វត្ស​ឆ្នាំ ១៩៧០​។ ដែល​ជា​ក្រុមហ៊ុន Software ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​៕ (​ដកស្រង់​ចេញពី BBC)