សង្គម

​បើក​ដំណើរការ​ចេញ​-​ចូល​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ​សង្កាត់​សាលា​កំរើក រួម​ទាំង​ផ្សារ​ក្រោមក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បើក​ដំណើរការ​ចេញ​-​ចូល​ឡើង​វិញ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រួម​ទាំង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ នេះ​តទៅ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​បាន​សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ សង្កាត់​សាលា កំរើក និង​សង្កាត់​សៀមរាប រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ តាម​រយៈ​សេចក្តីសម្រេច​លេខ​០៤០/២១​សសរ ចុះ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ រួម​ទាំង​ការ​បិទ​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដែល​ត្រូវ​បិទ​ខ្ទប់ ។

ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ជំនាញ និង​វិធាន​ច​ត្តា​ឡី​ស័ក​បាន​ធ្វើ​ឲ្យ​ករណី​នេះ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដូចនេះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សម្រេច​បើក​ការ​ចេញ​-​ចូល ឬ​ដំណើរការ​ឡើង​វិញ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រួម​ទាំង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ តទៅ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​សង្កាត់​ពាក់ព័ន្ធ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ត្រូវ​អនុវត្ត​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ដោយ​ត្រូវ​ត្រួតពិនិត្យ​សុខភាព​បឋម​ដល់​អាជីវករ និង​អ្នក​ចេញ​-​ចូល​ក្នុង​ផ្សារ លាង​សម្អាត​ដៃ​នឹង​អាកុល ឬ​ជែ​ល​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សង្គម ព្រមទាំង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​៣ ការពារ (​ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សង្គម​) ៣​កុំ (​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​) ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​សង្កាត់ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ មេត្តា​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕