សង្គម

ទោះ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​ប្តេជ្ញារ​រក្សា​ការងារ​ជូន​ចាស់ និង​មាន​ថ្មី​ជូន​ពលរដ្ឋ​ស្ថិត​ក្នុង​កម្រិត​ដែល​គ្រប់គ្រង​បាន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៥ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​រក្សា​ការងារ​ចាស់ និង​ថ្មី​ជូន​ពលរដ្ឋ​ស្ថិត​ក្នុង​កម្រិត​ដែល​គ្រប់គ្រង​បាន​ទោះបី​កូ​វី​ដ​១៩​កំពុង​វាយលុក ។

យោង​តាម​សា​លិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​១ ឧសភា នៃ​ទិវា​ពលកម្ម​អន្តរជាតិ​សម្តេច​បាន​បញ្ជាក់​ថា​« ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ រាជរដ្ឋាភិបាល​នៅ​តែ​ខិតខំ​បន្ត​រក្សា​ការងារ ដែល​មាន​ស្រាប់ និង​បង្កើត​ការងារ​ថ្មី​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ ដែល​នាំ​ឱ្យ​ផល​ប៉ះពាល់​លើ​ចំនួន​ការងារ​ស្ថិត ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន ។

ជាក់ស្ដែង រោងចក្រ សហគ្រាស​ចំនួន​១១០៣ បាន​បើក​ដំណើរការ​ថ្មី​ដែល​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ជាង ៦​ម៉ឺន​នាក់​បន្ថែម ។ លើស​ពី​នេះ​ចំនួន​រោងចក្រ សហគ្រាស ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ​បាន​ធ្លាក់​ចុះ​ពី​ចំណុចកំពូល​នៅ​ខែមិថុនា ឆ្នាំ​២០២០ ពី​ចំនួន​៤៣៣ ស្មើនឹង​កម្មករ និយោជិត​ជាង ១៥​ម៉ឺន​នាក់ មក​ត្រឹម​១៥០​រោងចក្រ សហគ្រាស​ស្មើនឹង​កម្មករ​ជាង​២​ម៉ឺន​នាក់ គិត​ត្រឹម​បំណាច់ ឆ្នាំ​២០២០ និង​បន្ត​ធ្លាក់​ចុះ​ជា​បណ្តើរ ៗ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ក៏​បាន​ចុះ​ឈ្មោះ ស្វែងរក​ការងារ​ចំនួន​១៧ ២០១​នាក់​, បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន ១៨៤ ៨០៨​នាក់ និង​បាន​បន្ត​ជួយ​ស្វែងរក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ភូមិ​ឃុំ ។ លិខិត​បន្ត​ថា កន្លង​ទៅ​នេះ ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ខ្ញុំ​ផ្ទាល់​បាន​ចុះ​ជួប​ជាមួយ​បងប្អូន​កម្មករនិយោជិត​បាន​ចំនួន​៧៧​លើក សរុប​កម្មករនិយោជិត​ចំនួន​ប្រមាណ​ជិត ១​លាន​នាក់ គិត​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ ដែល​តាម​រយៈ​ជំនួប​ទាំងនេះ​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន និង​បាន​ដាក់ ចេញ​នូវ​គោលការណ៍ និង​វិធានការ​ជា​ច្រើន ជា​ពិសេស​អនុសាសន៍​១០​ចំណុច ដើម្បី​លើកកម្ពស់​ជីវភាព សុខុមាលភាព​កម្មករនិយោជិត និង​ទំនាក់ទំនង​វិជ្ជាជីវៈ ហើយ​ខ្ញុំ​នឹង​បន្តសកម្មភាព​នេះ​ជា​រៀង​រហូត​នៅ​ក្នុង​តំណែង របស់ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប៉ុន្តែ​ខ្ញុំ​ក៏​សូម​ការ​អធ្យាស្រ័យ ដែល​នៅ​ឆ្នាំ​២០២១​នេះ យើង​មិន​អាច​រៀប​ចំការ​ជួបជុំ​ដូច​សព្វដង ដោយសារ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​គំរាមកំហែង​សុខភាព​សាធារណៈ សេចក្តីសុខ និង​អាយុជីវិត​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា ប្រជាជន​ទូ​ទាំង​សកលលោក ។

ប្រភព​បន្ត​ថា រាជរដ្ឋាភិបាល​បាន​បន្ត​លើកកម្ពស់​ការ​ការពារ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ថែរក្សា​សុខដុម​នី​យ​កម្ម ទំនាក់ទំនង​វិជ្ជាជីវៈ​ផ្តល់​អត្ថប្រយោជន៍​នានា​ជូន​បងប្អូន​កម្មករនិយោជិត រួម​ទាំង​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ផង​ដែរ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្ដី​ពី​សហជីព និង​អនុសញ្ញា​អន្តរជាតិ ខាង​ការងារ​ទាំង​១៣ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន តាម​រយៈ​យន្តការ​ត្រីភាគី​សម្រាប់​សំ​វាទ​សង្គម​ជា​អាទិ៍ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គណៈកម្មការ​ប្រឹក្សា​ការងារ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា រួម​ទាំង​យន្តការ ត្រីភាគី​បូក​ជា​ច្រើន​ទៀត ។

ការ​បើកចំហរ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​បាន​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​ចុះបញ្ជី​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ មាន​អង្គការ​វិជ្ជាជីវៈ​ចំនួន​៥៤៨៤ កំពុង​ប្រតិបត្តិការ​ក្នុង​នោះ​សហជីព​មូលដ្ឋាន​មាន​ចំនួន ៥២០៦ សហព័ន្ធ​សហជីព​មាន​ចំនួន​២៣១ សហភាព​សហជីព​មាន​ចំនួន​៣៦ និង​សមាគម​និយោជក​មាន​ចំនួន ១១ ។

រាជរដ្ឋាភិបាល​ក៏​បាន​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ និយោជិត នៅ​តាម​គ្រប់​រោងចក្រ សហគ្រាស ដោយ​តម្រូវ​ឱ្យ​មាន​គិលានដ្ឋាន កន្លែង​ហូប​បាយ បន្ទប់​បំបៅ​កូន និង​ទារកដ្ឋាន ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​កម្មករនិយោជិត កម្មវិធី​បង្ការ គ្រោះថ្នាក់​ការងារ និង​បង្កើន​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​កម្មករនិយោជិត ក៏​ត្រូវ​បាន​ជំរុញ ការ​អនុវត្ត​យ៉ាង​សកម្ម​ផង​ដែរ ។

រាជរដ្ឋាភិបាល​ក៏​បាន​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម ដើម្បី​ពង្រីក​វិសាលភាព កាន់តែ​ទូលំទូលាយ ដោយ​គ្របដណ្តប់​៤​ផ្នែក រួម​មាន​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ ការងារ និង​ផ្នែក​និកម្មភាព​ការងារ​សំដៅ​ធានា​សង្គតិភាព និង​សមធម៌​រវាង​មន្ត្រី​សាធារណៈ និង​កម្មករនិយោជិត​តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម និង​ការ​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ និង​របប​សោធន​សម្រាប់​កម្មករនិយោជិត នៅ​ក្នុង​ឆ្នាំ​២០២០ ។

ដើម្បី​ផ្ដល់​នូវ​កិច្ច​គាំពារ​សង្គម​ជូន​បងប្អូន​កម្មករនិយោជិត បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​ផ្តល់​នូវ​របប​ហានិភ័យ ការងារ និង​របប​ថែទាំ​សុខភាព ចាប់ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ ដែល​មាន​រោងចក្រ សហគ្រាស​ជាង ១​ម៉ឺន​៤​ពាន់ ជា​សមាជិក ដែល​មាន​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សាធារណៈ សរុប​ប្រមាណ​ជាង ២​លាន ១​សែន​នាក់ កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​របប​ទាំងនេះ​។

បន្ថែម​ពី​នេះ ចាប់ពី​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​បាន អនុវត្ត​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សាធារណៈ​នៅ​ពេល សម្រាលកូន ដោយ​ក្នុង​ឆ្នាំ​២០២០​នេះ ប​.​ស​.​ស​. បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាលកូន​បាន​ចំនួន ៨១ ៩៩០​នាក់ (​កើនឡើង​ប្រមាណ ៧,៣%) ស្មើនឹង​ចំនួន​កូន ៨២ ៥២៧​នាក់ (​កើនឡើង​ប្រមាណ ៧,៣%) ដែល​គិត​ជា​ទឹក ប្រាក់​សរុប​ចំនួន ៣៣ ប៊ី​លាន​រៀល ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២០ ស្ត្រី​សម្រាលកូន មាន​ចំនួន ២១៦ ២០២​នាក់ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៨៧,១​ប៊ី​លាន​រៀល​។

សម្តេច​បញ្ជាក់​ថា​« ជាមួយ​សមិទ្ធផល​ជោគជ័យ​ដ៏​ធំធេង​ខាងលើ ជា​អកុសល​វិបត្តិ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល ហើយ​ប្រទេស​កម្ពុជា​ក៏​មិន អាច​ចៀស​ផុត​ពី​ផល​ប៉ះពាល់​យ៉ាង​ធំធេង​ក្នុង​សង្គម​-​សេដ្ឋកិច្ច​នេះ​ផង​ដែរ ។ ដើម្បី​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ៧​ជុំ រួច​មក​ហើយ​» ។

សម្តេច​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​មួយ​ចំនួន​បាន​និង​កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង បាន​សម្រេចចិត្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ ។ ដូច​ប្រទេស​មួយ​ចំនួន​ទៀត ប្រទេស​កម្ពុជា​ក៏​បាន និង​កំពុង​ខិតខំ​ស្វែងរក ព្រមទាំង​បញ្ហា​ទិញ​វ៉ាក់សាំង​ពី​គ្រប់​ប្រភព​ដែល​រួម​មាន ១​លាន​ដូ​ស​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, ៣២​ម៉ឺន​ដូ​ស តាម​យន្តការ​ខូ​វ៉ា​ក់​, ១,៥​លាន​ដូ​ស​បញ្ជា​ទិញ​ពី​ប្រទេស​ចិន និង​បន្ត​បញ្ហា​ទិញ​ចំនួន ៤​លាន​ដូ​ស​បន្ថែម​ទៀត ហើយ​ក៏​ខិតខំ​ស្វះស្វែង​បញ្ហា​ទិញ​បន្ថែម​ទៅ​តាម​តម្រូវការ​ចាំបាច់ ជាក់ស្តែង និង​បាន​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គោលដៅ​ជួរ​មុខ ដូច​ជា មន្ត្រី​ជួរ​មុខ កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ ៕