សុខភាព​

គុណប្រយោជន៍ដូងខ្ចីចំពោះសម្ពាធឈាមនិងតម្រងនោម

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ទឹកដូងគឺជាទឹកដែលបានច្រោះស្អាតពីធម្មជាតិ ដែលចំណាយពេលជិត៩ខែ ក្នុងបង្កើតទឹកនេះឡើង។ ដោយសារតែហេតុនេះហើយ បានជាទឹកដូងជាទឹកស្អាតគ្មានមេរោគ១០០% ហើយអាចឱ្យគេយកទៅចាក់ចូលក្នុងសរសៃបាន ពេលដែលគ្មានសេរ៉ូម។ ថ្ងៃនេះអ្នកនឹងបានដឹងពីគុណប្រយោជន៍របស់ទឹកដូង ចំពោះសម្ពាធឈាម និង មុខងារតម្រងនោម។

ការសិក្សាបានបង្ហាញថា ទឹកដូងគឺជាភេសជ្ជៈដ៏អស្ចារ្យសម្រាប់រក្សាសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតដ៏ប្រសើរ។ លទ្ធផលនៃការសិក្សាបានបង្ហាញឱ្យឃើញថា អ្នកដែលបានផឹកទឹកដូងចំនួន៧១% មានសម្ពាធឈាមប្រសើរជាងមុន បើធៀបទៅនឹងអ្នកមិនបានផឹក។ ក្រៅពីលទ្ធផលនៃការសិក្សានេះ ទឹកដូងត្រូវបានគេដឹងថាមានផ្ទុកប៉ូតាស្យូម ៦០០ មីលីក្រាមក្នុង ២៤០ មីលីលីត្រ ហើយប៉ូតាស្យូមត្រូវបានបង្ហាញថា មានឥទ្ធិពលក្នុងការបន្ថយសម្ពាធឈាមចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ឬធម្មតា។

ជាមួយគ្នានេះដែរ ទឹកដូងក៏ជួយដល់មុខងារតម្រងនោមផងដែរ ដោយសារតែវាមានសារធាតុប៉ូតាស្យូមច្រើន។ សារធាតុនេះ តួជាថ្នាំបញ្ចុះទឹកនោម ដែលជួយឱ្យតម្រងនោមបញ្ចេញទឹកនោមច្រើន។ គួរឱ្យកត់សម្គាល់ផងដែរថា ទឹកដូងតែមួយផ្លែ អាចផ្តល់នូវប៉ូតាស្យូមគ្រប់គ្រាន់ ដើម្បីធ្វើឱ្យតម្រងនោមមានសុខភាពល្អ ព្រោះឥទ្ធិពលនៃការបញ្ចុះទឹកនោមរបស់វាមានអត្ថប្រយោជន៍ក្នុងការការពារគ្រួសក្នុងតម្រងនោម៕