សង្គម

បិទខ្ទប់ផ្សារកន្ត្រកនៅថ្ងៃនេះ ក្រោយដឹងថា ​មាន​អ្នក​ជំងឺ​កូវីដ​​បាន​​​ចេញ-ចូល​​​ក្នុង​​ទី​នោះ

ខេត្ត​សៀម​រា​ប ៖ ​រដ្ឋបាល​ខេត្តសៀមរាប បានបិទ​ខ្ទប់​ការ​ចេញ-ចូលជា​បណ្ដោះអាសន្ននៅ​ផ្សារ​កន្ត្រក ​ស្ថិតក្នុង​ភូមិ​កន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប គិតចាប់ពី​ថ្ងៃ​ទី​៣០ ​មេសា នេះទៅ ។

យោងរដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា​៖ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ថ្មីចំនួន​១៥​នាក់ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ​។ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ទាំង​១៥​នាក់នោះ មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ រិ​ទ្ធ គ​ន្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​អា​សយ​​ដ្ឋា​ន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ​បាន​ចេញ​-ចូល​ក្នុង«ផ្សារ​កន្ត្រក» នេះ​ នៅ​ចន្លោះ​ថ្ងៃ​ទី​២៥ ទៅ​ថ្ងៃ​ទី​២៧ ​មេសា ឆ្នាំ​២០២១​។

ចំពោះ​ករណី​បិទ​ខ្ទប់​ការ​ចេញ-ចូល​ជា​បណ្ដោះអាសន្ន ក្នុង​បរិវេណ​ផ្សារ​កន្ត្រក ដែល​ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប គឺចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ឡើង​វិញ​ ។

ដូច្នេះ រដ្ឋបាល​ខេត្តសៀមរាបសូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​មុខសញ្ញា​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ទីតាំង​ដែល​បាន​បិទ​ខ្ទប់ចាប់ ពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក ដទៃ​ជា​ដាច់ខាត​។​

ប្រសិនបើ​មាន ការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័​ត៌ មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​